ហេតុអ្វីភ្នំប្រុសទាបជាងភ្នំស្រី?

រឿង កំប្លែង ខ្លីៗ ដែលអស់លោកអ្នកបានប្រឌិតឡើង ឬ រឿងពីបុរាណមក

អ្នកទប់សម្រួល: Webmaster, Amara

ហេតុអ្វីភ្នំប្រុសទាបជាងភ្នំស្រី?

អត្ថបទដោយ sakal » 21 មេសា 2011 14:03

បើយើងធ្វើដំណើរចេញពីក្រុងភ្នំពេញទៅ ខេត្តកំពង់ចាម តាមផ្លូវជាតិលេខ៧ ទៅដល់គោលគីឡូម៉ែត្រទី១១៦ហើយ ចោលភែ្នកទៅទិសឥសាន ដែលនៅខាងឆេ្វងដៃ ចំងាយពីថ្នល់ជាតិទៅប្រមាណ១គីឡូម៉ែត្រ យើងនិងឃើញភ្នំពីរ នៅទន្ទឹមគ្នា មួយនៅខាងកើតខ្ពស់ មួយនៅខាងលិចទាប ភ្នំខ្ពស់ឈ្មោះភ្នំស្រី ឯភ្នំទាបឈ្មោះភ្នំប្រុស។
តើហេតុអ្វីក៏ភ្នំប្រុសទាបជាងភ្នំស្រី? នេះជារឿងមួយដែលគួរឱ្យងឿងឆ្ងល់ពន់ពេកប្រមាណ។

រឿងព្រេងប្រចាំភ្នំនេះមានដូចតទៅ ៖

កាលពីព្រេងនាយ មានសេ្តចស្រីមួយព្រះអង្គព្រះនាម ស្រីអយុធ្យា សោយរាជ្យនៅនគរខែ្មរ។ ដោយព្រះនាងជាសេ្តចសោយរាជ្យ គ្មានបុរសណាមួយហ៊ានដណ្តឹងយកជាភរិយាឡើយ។ ម្ល៉ោះហើយព្រះនាងរកដណ្តឹងបុរសដ៏មានរូបជាទីគាប់ព្រះទ័យមកធ្វើជា ព្រះស្វាមីវិញ ហើយដោយហេតុព្រះរាជិនី ស្រីអយុធ្យាដណ្តឹងប្រុសជាព្រះស្វាមីដូច្នោះ ស្រីៗដែលនៅក្រោមព្រះរាជឱវាទ ក៏ដណ្តឹងប្រុសៗធ្វើជាស្វាមីតាមដែរ។
លុះមកដល់រាជ្យសេ្តច ក្រោយៗទៀត ពួកស្រីៗជំនុំគ្នាថា ‹ ឥឡូវនេះដូចជាមិនសមសោះ ខ្លួនយើងជាស្រីហើយដើរដណ្តឹងប្រុសៗ ធ្វើជាប្តី ដូច្នេះយើងនឹងនាំគ្នាលើកដីចាក់ពូនជាភ្នំ ភ្នាល់ជាមួយនិងពួកប្រុសៗ គឺប្រុសលើកដីធ្វើជាភ្នំមួយ យើងស្រីធ្វើជាភ្នំ មួយភ្នាល់គ្នា។ បើប្រុសៗចាញ់យើងត្រូវឲ្យប្រុសៗដណ្តឹងយើងជាស្រីវិញ›
ថ្លែងអំពីពួកប្រុសៗវិញម្ដង ក្រោយពីអង្គុយផឹកស្រាក្លែមគឺង្គក់ ល្មមធ្លាក់ភ្នែករួចមក ម្នាក់ក្នុងចំណោមនោះមានយោបល់ថា ‹ពួកឯងជួយគិតអញមើល៎ ! សព្វថ្ងៃពួកយើងមានការលំបាកខ្លាំងណាស់អារឿងរៀបអាពាហ៍ពិពាហ៍› ‹ស្អី ! អាពាហ៍ពិពាហ៍ អារំបល់កាច់អី ! និយាយថា រៀបការៗទៅ !› , ម្នាក់ក្នុងចំណោមគ្នាគេស្រែកឱ្យ។ ‹យី ! អានេះ ! រកតែអញថ្លែងយោបល់ឱ្យចប់មិនទាន់ ! មកកាត់កណ្ដាលទី ! ធ្វើឱ្យស្ទះអាចមន៍តែម្ដង !› ម្ចាស់គំនិតដើមខឹង។ ‹ណ្ហើយ ! កំរំខានវា ! ឱ្យវានិយាយចប់សិនចុះ !›, ម្នាក់ទៀតនិយាយ។ រួចម្ចាស់គំនិតដើមក៏បន្ត ‹ គឺថាយើងត្រូវរង់ចាំស្រីៗគេចូល បើត្រូវចិត្តគេមកដណ្ដឹង។ ធ្វើបែបនេះស្រីៗមានប្រៀបលើយើងណាស់ ! ប្រុសៗណាដែលឃ្លានចង់បានប្រពន្ធបែរជាអង្គុយចាំគេដូចសំណាបរង់ចាំ ទឹកភ្លៀង។ ធ្វើបែបនេះមិនសមសោះ !› ។ រំពេចនោះក៏មានអាក្លើគេម្នាក់ក្នុងចំណោមនោះបញ្ចេញយោបល់ ‹អើ ! គំនិតបានត្រឹមតែគំនិតតែប៉ុណ្ណោះ ! តើពួកយើងអាចធ្វើស្អីបាន ! អ្ហែងចង់កែរប្រែទម្លាប់ពីដូនតាឬ អាសំគិះ!› ។ ដោយឃើញថាយប់ជ្រៅទៅហើយ ពួកគេក៏បំបែកគ្នាទៅរកកន្លែងនិន្ទ្រារៀងៗខ្លួន។ លុះស្អែកឡើងស្រាប់តែមានការប្រកាសពីរឿងពូនភ្នំ ដែលជាគំនិតស្រីៗ។ ឮដូចនេះ ពួកប្រុសៗត្រេកអរណាស់ ហើយក៏ជំនំគ្នានៅល្ងាចថ្ងៃបន្ទាប់ដោយមានការផឹកស្រាក្លែមគីង្គក់ ដូចសព្វមួយដង។
‹នែរ ! ឱកាស មាស ពួកយើងមកដល់ហើយ !› ម្នាក់ក្នុងចំណោមក្រុមធ្លាក់ភ្នែកស្រែកទាំងត្រេកអរ។ រំពេចនេះ ម្នាក់ទៀតមានយោបល់ ‹ អញថា គួររក្សារភាពស្ងប់ស្ងៀម មិនត្រូវឱ្យស្រីៗដឹងថាពួកយើងក៏មានគំនិតស្របនឹងអ្វីដែលគេ ចង់បានដែរ។ គឺយើងត្រូវធ្វើជាដូចមិនដឹងរឿងអ្វីទាំងអស់ ធ្វើបែបនេះកុំឱ្យស្រីៗគេចាប់អារម្មណ៍ ពុំនោះសោត យើងបាត់បង់ឱកាសនេះហើយ។ ស្រីៗគេមិនដឹងថាអ្នកចូលដណ្ដឹងគឺជាអ្នកមានប្រៀបទេ ! ដូច្នេះអញហាមពួកឯងទាំងអស់គ្នាផ្ដាច់ ថា ពេលពូនភ្នំ អាណា ហ៊ានធ្វើការពេញកម្លាំងគឺដេញក្បាលចេញពីក្រុមប្រុសៗ។›


លុះគិតដូច្នេះហើយ ក៏ព្រមចុះខសន្យាជាមួយស្រីៗភ្នាល់គ្នាដូចពោលមក ហើយគេក៏បានចាត់មេកំណែន ខាងស្រីមានមេកំណែន ខាងស្រីដើរកេណ្ឌ ខាងប្រុសមានមេកំណែន ខាងប្រុសដើរកេណ្ឌ។ លុះកេណ្ឌបានគ្នាច្រើន គ្រប់ចំនួនខាងប្រុស-ខាងស្រីរួចហើយ ក៏និយាយនិងគ្នាថា ‹យើងទាំងអស់ត្រូវជញ្ជូនដីដរាបដល់ផ្កាយព្រឹករះ ទើបឈប់ទាំងអស់គ្នា។ បើផ្កាយព្រឹកមិនរះមិនត្រូវឈប់ទេ។› ។គិតព្រមគ្នាដូច្នេះហើយ ក៏នាំគ្នាជញ្ជូនដីរែកទូលតាម ថាមភាពរៀងៗខ្លួនទៅ។

ពេលនោះជាពេលរាត្រី ពួកស្រីៗខំជញ្ជួនដីខ្លាំងណាស់ព្រោះចង់ឈ្នះ រីឯពួកប្រុសៗវិញធ្វើការតែប៉ុន្មាននាក់ប៉ុណ្ណោះ ឯអ្នកផ្សេងអង្គុយផឹកស្រា ផឹកទឹកត្នោតជូរក្លែមអំពិលខ្ចី អ្នកជញ្ជូនដីវិញជញ្ជូនបានបន្តិច ក៏ឈប់ហើយនាំគ្នាមូរបារីជក់ ពេលបែបហត់បន្តិច ក៏ទៅអង្គុយផឹក ហើយក្រុមផឹកមកជំនួសម្ដង កុំឱ្យថាមិនធ្វើសោះ ខ្លាចស្រីៗដឹងថាខ្លួនចង់ចាញ់។
លុះធ្វើបានយប់ជ្រៅបន្តិច ពួកស្រីៗក៏នាំគ្នាបង្ហូតគោមតូចមួយយ៉ាងខ្ពស់នៅជ្រុងឥសានភ្នំ។ ភ្លាមនោះពួកប្រុសៗក៏ប្រាប់គ្នាគេថា ‹នែរ ពួកអាដែង ! ស្រីៗបង្ហោះគោមក្លែងធ្វើជាផ្កាយព្រឹកហើយវ៉ើយ !› ។ ម្នាក់ទៀតក៏សើចហើយបន្ថែម ‹ យី ! ធ្វើមើលតែពួកយើងហ្នឹងល្ងង់ណាស់អីចឹង ! បើអីចឹងទៅហើយ យើងនាំគ្នាធ្វើពុតជាថាផ្កាយព្រឹករះមែនទែនទៅ ! ហើយចុះពួកយើងនៅចាំស្អីទៀត ម្ដេចមិននាំគ្នាទៅដេកតែម្ដងទៅ !› ។ ថាហើយពួកគេនាំគ្នាដេកអស់ទៅ។
ពួកស្រីៗក៏នាំគ្នាជញ្ជូនដីដរាបដល់ផ្កាយព្រឹករះ មែនទែនទើបឈប់។ ដល់មាន់រងាវកឺតប្រុសៗភ្ញាក់ឡើង ឃើញផ្កាយព្រឹករះក៏ធ្វើពុត ជាលាន់មាត់ថា ‹យើងទាំងអស់គ្នាខុសហើយ។ ផ្កាយព្រឹកមែនទែនទើបតែនិងរះសោះ! › ហើយនាំគ្នាក្រេឡកមើលទៅភ្នំស្រីមានទំហំខ្ពស់ជាងភ្នំរបស់ខ្លួន ក៏ក្លែង ធ្វើ ជាមានសេចក្តីអៀន អន់ក្នុងចិត្តដោយចាញ់កលស្រីៗ។ តាំងពីកាលនោះមកប្រុសៗក៏ដណ្តឹងស្រីៗធ្វើជាភរិយាដរាបដល់ សព្វថៃ្ងនេះ៕

ចប់ទៅហោង!

ឃើញទេ ! នេះទើបជាអាថ៌កំបាំងពិតស្ថិតនៅពីក្រោយ។ ចាស់ៗបោកសុទ្ធ !
ញុំនិយាយលេងទេ ! តិចយករឿងញុំទៅផ្សាយថាជាការពិតជាប់ខ្នោះញុំបណ្ដោយ !

រៀបចំអត្ថបទដោយ ទាហានស្អែកស្លាប់
sakal
ពលទោ
 
អត្ថបទ: 1
ថ្ងៃ ចុះឈ្មោះ: 21 មេសា 2011 13:57

ត្រឡប់ទៅ រឿង កំប្លែង

តើមានអ្នកណាខ្លះ ដែលកំពុងតែចូលរួមក្នុងទីប្រជុំនេះ ?

ទាំងអស់មាន ទស្សនិកជន ៖ 0​ នាក់, ភ្ញៀវ 0 នាក់

cron